សារធាតុដែលមានក្នុងផលិតផលថែរក្សាស្បែកដែលអ្នកគួរជៀងវាងក្នុងអំឡុងពេលមានគត៌

ស្រ្តីពពោះភាគច្រើនដឹងថាអ្វីដែលពួកគេគួរបរិភោគ និង មិនគួរបរិភោគដើម្បីជួយដល់ការលូតលាស់​ របស់ទារកក្នុងផ្ទៃ ដូចជា ត្រូវបរិភោគប្រូតេអ៊ីនអ្វីខ្លះ មិនត្រូវផឹកកាហ្វេច្រើន ឬបរិភោគត្រីប្រភេទអ្វីទើបល្អ ប៉ុន្តែស្រ្តីភាគច្រើនមើលរំលងនូវការប្រើប្រាស់ផលិតផលថែរក្សា ឬគ្រឿងសំអាងផ្សេងៗទៅវិញ។

ខ្ញុំជឿថាស្ត្រីភាគច្រើន គឺប្រើប្រាស់ផលិតផលថែរក្សាស្បែកខ្លួន យ៉ាងតិចក៏មួយមុខដែល​ ជារៀងរាល់ថ្ងៃ ប៉ុន្តែយើងមិនបានគិតដល់ថាតើមានសារធាតុក្នុង ផលិតផលថែរក្សាស្បែកណាខ្លះដែលអាចឆ្លងកាត់ស្រទាប់ស្បែក និង ជ្រាបចូលទៅក្នុងខ្លួនរបស់អ្នក ។ ក្នុងអំឡុងពេលលូតលាស់នៃទារក បញ្ហានេះអ្នកគួរយកចិត្តទុកដាក់និង ប្រុងប្រយ័ត្ន។

អ្វីដែលអ្នកបរិភោគ លាប ឬ ប៉ះ អាចផ្តល់ផលប៉ះពាល់មិនត្រឹមតែអ្នកនោះទេ ប៉ុន្តែកូនអ្នកក៏អាចទទួលបានដូចគ្នា។​មានសារធាតុដែលលាបលើស្បែកមួយចំនួនអាចជ្រាបចូលទៅក្នុងប្រពន្ធ័ឈាម ជាហេតុធ្វើអោយសារធាតុទាំងនោះត្រូវបានហាមឃាត់មិនអោយប្រើប្រាស់ចំពោះស្ត្រីមានទំងន់។

សារធាតុខាងក្រោមនេះ អាចជួយអ្នកក្នុងការជ្រើសរើសផលិតដែលមិនគួរប្រើប្រាស់ក្នុងអំឡុងពេលមានផ្ទៃពោះ។ ប្រសិនបើអ្នកស្ថិតក្នុងអំឡុងពេលបំបៅដោះកូន  អ្នកក៏គួរជៀសវាងការប្រើប្រាស់សារធាតុទាំងនេះដូចគ្នា។

Pretty-Healthy-2

1. Retinoids
 មាននៅក្នុង : ផលិតផលប្រឆាំងនឹងភាពចាស់នៃស្បែក ដោយសារវាជួយអោយបន្ថយភាពជ្រាវជ្រួញនៃស្បែក និង ធ្វើអោយស្បែករលោង។ Retinoids គឺជាប្រភេទមួយនៃ vitamin A ដែលជួយពន្លឿនការបំបែកកោសិកា( វាជួយពន្លឿនការផ្លាស់ប្តួរកោសិកាថ្មីនៃស្បែក) និង ការពារ skin collagen មិនអោយចាស់ជរា ។
ផលអាកាក្រក់ចំពោះស្រ្តីមានផ្ទៃពោះ  : ក្នុងការសិក្សាបានបង្ហាញថា ការលើសនូវបរិមាណ vitamin A ក្នុងអំឡុងពេលមានផ្ទៃពោះអាចផ្តល់ផលប៉ះពាល់ដល់កូនដែលនៅក្នុងផ្ទៃ ហើយ Retinoids សំរាប់លេបដែលមានឈ្មោះថា isotretinoin (Accutane,) ត្រូវបានប្រើសំរាប់លេបព្យាបាលមុន  ក៏ត្រូវបានហាមឃាត់មិនអោយប្រើប្រាស់ចំពោះស្ត្រីមានគត៌ដោយសារវាអាចធ្វើអោយប៉ះពាល់ដល់ទារកដូចជា អន់បញ្ញា ខួរក្បាលមិនប្រក្រតី  ប៉ះពាល់ដល់បេះដូង និង មុខមាត់ខុសធម្មតា។
ប្រសិនបើអ្នកកំពុងប្រើប្រាស់នូវផលិតផលលាបដែលមាន​ Retinoids អ្នកកុំបារម្ភព្រោះមិនទាន់មានការបញ្ជាក់ណាមួយថា ការប្រើប្រាស់វាលើស្បែកអាចប៉ះពាល់ដល់កូនក្នុងផ្ទៃនោះទេ ប៉ុន្តែបើទោះបីយ៉ាងនេះក្តីការជៀសវាងនូវការប្រើប្រាស់ Retinoids គ្រប់ទំរង់គួរជៀសវាងតាមតែអាចធ្វើទៅបាន។
ឈ្មោះក្នុងតារាងសារធាតុ  : Differin (adapelene), Retin-A, Renova (tretinoin), Retinoic acid, Retinol, Retinyl linoleate, Retinyl palmitate, Tazorac and avage (Tazarotene)

 

2.Salicylic acid
មាននៅក្នុង : សាប៊ូលាងមុខ ទឹកជូតសំអាតមុខ និង ឡេលាបមុខមួយចំនួន។
ផលអាកាក្រក់ចំពោះស្រ្តីមានផ្ទៃពោះ : ការសិក្សាបានបង្ហាញថា ការលេប aspirin ក្នុងអំឡុងពេលទើបមានគត៌ អាចធ្វើអោយអ្នកប្រឈមនឹងការរលូតកូន។ ចំពោះអំឡុងពេលមានគត៌ ការលេប aspirin នៅកំរិតធម្មតា អោយធ្វើអោយប៉ះពាល់ដល់ការលូតលាស់របស់ទារក និង ការបង្កើននូវហានិភ័យនៃការដាច់សុក។ ការលេប aspirin ក្នុងអំឡុងខែដែលអ្នកជិតសំរាលនាំអោយ អោយបញ្ហាទាក់ទងនឹងប្រពន្ធ័ឈាមចំពោះអ្នកម្តាយនិងទារកផងដែរ។ ទោះបីមិនទាន់មានការបញ្ចាក់ច្បាស់លាស់ថា Salicylic acid សំរាប់លាបមានបញ្ហាដូច aspirin ក៏ដោយក៏អ្នកគួរជៀសវាងនូវការប្រើប្រាស់នូវផលិតផលដែលមាន​ Salicylic acid ជាដាច់ខាតព្រោះ Salicylic acid គឺស្ថិតនៅក្នុងគ្រួសារនៃ aspirin​ ។
ឈ្មោះក្នុងតារាងសារធាតុ : Salicylic acid, Beta hydroxy acid, BHA ( ចំណាំAlpha hydroxy acids,  AHAs, glycolic acid, or lactic acid អ្នកអាចប្រើបាន)

3. Soy
មាននៅក្នុង : មានក្នុងឡេថែរក្សាស្បែក
ផលអាក្រក់ចំពោះស្ត្រីមានផ្ទៃពោះ : Soy មានឥទ្ធិពល estrogen​​​(អរម៉ូនស្រ្តី) ដែលអាចធ្វើអោយអ្នកម្តាយឡើងអាចន៏រុយ រឺ ជាំ​ ។ ដូចនេះក្នុងអំឡុងពេលមានផ្ទៃពោះអ្នកជៀងវាងដើម្បីបន្ថយនូវការប្រឈមនៃការឡើងជាំ​ អ្នកអាចជ្រើសរើសប្រើនូវ ‘active soy’ ដែលជាទំរង់ Soyសកម្ម វាត្រូវបានដកចេញនូវ​ឥទ្ធិពល estrogen​ ។
ឈ្មោះក្នុងតារាងសារធាតុ :​​ Lethicin, Phosphatidylcholine, Soy, Textured vegetable protein (TVP)

4. Acne products (ផលិតផលសំរាប់ព្យាបាលមុន)
មាននៅក្នុង : ផលិតផលព្យាបាលមុន
ផលអាក្រក់ចំពោះស្ត្រីមានផ្ទៃពោះ  : វាអាស្រ័យទៅតាមប្រភេទនីមួយៗនៃសារធាតុ។ ក្នុងអំឡុងពេលបីខៃដំបូងស្ត្រីមានគត៌ភាគច្រើនតែងតែមានបញ្ហាឡើងមុនដោយសារមានការផ្លាស់ប្តូរនៃកំរិត estrogen ។
ឈ្មោះក្នុងតារាងសារធាតុ  : Beta hydroxy acid, BHA, Differin (adapelene), Retin-A, Renova (tretinoin), Retinoic acid, Retinol, Retinyl linoleate, Retinyl palmitate, Salicylic acid, Tazorac and avage (Tazarotene), Tretinoin

5. Hair removers & minimizers (ផលិតផលជំរុះរោម )
មាននៅក្នុង : មានក្នុងឡេលាបជម្រុះរោម រឺ ផលិតផលដែលពន្យឺតការលូតនៃរោម។
ផលអាក្រក់ចំពោះស្ត្រីមានផ្ទៃពោះ  : ផលិតផលទាំងនៃពុំបានជះឥទ្ធិពលទៅដល់កូនក្នុងផ្ទៃនោះទេ ប៉ុន្តែក្នុងអំឡុងពេលមានគត៌ អ្នកម្តាយស្ទើគ្រប់រូប គឺមានស្បែកងាយប្រតិកម្មខុសធម្មតា ដូចនេះក្នុងអំឡុងពេលនេះអ្នកគួរជៀសវាងប្រើនូវផលិតផលដែលងាយអោយស្បែកប្រតិកម្ម ឬ អ្នកអាចធ្វើតេស្តដោយផ្តិតផលិតផលដែលអ្នកបំរុងប្រើរួចលាបនៅកន្លាក់ជើង រួចទុកចោល ១០នាទីសឹមជូតចេញ រងចាំ ២៤ម៉ោងក្រោយប្រសិនបើគ្មានការឡើងកន្តួលរមាស់ទេ មានន័យថាអ្នកអាចប្រើប្រាស់បាន។ ចំពោះផលិតផលថែរក្សាមុខ ដើម្បីតេស្តរកប្រតិកម្មអ្នកអាចធ្វើដូចគ្នាខាងលើតែ កន្លែងដែលតេស្តគឺនៅក្រោយត្រចៀក ៕
ឈ្មោះក្នុងតារាងសារធាតុ  : Potassium Thioglycolate (depilatory), Calcium Thioglycolate (depilatory), Sodium Hydroxide (minimizer), Sanguisorba Officinalis Root Extract (minimizer), Hydrolyzed Soy Protein (minimizer)

6. Sunscreens ( ផលិតផលការពារកំដៅថ្ងៃ)
មាននៅក្នុង : ឡេការពារកំដៅថ្ងៃគ្រប់ប្រភេទ
ផលអាក្រក់ចំពោះស្ត្រីមានផ្ទៃពោះ  : វាមិនជះឥទ្ធិពលអ្វីនោះទេ តែអ្នកគួរការពារស្បែកក្នុងអំឡុងពេលនេះ ដោយសារក្នុងអំឡុងពេលមានផ្ទៃពោះអ្នកម្តាយគ្រប់រូបមានស្បែកងាយប្រតិកម្ម ងាយឡើងក្រហម អាចន៏រុយ និង ជាំ ដូចនេះអ្នកគួរជៀសវាងការត្រូវកំដៅថ្ងៃក្នុងអំលុងពេល ពីម៉ោង ១០ព្រឹកទៅម៉ោង៤ល្ងាច អ្នកអាចលាបក្រែមការពារកំដៅថ្ងៃបាន ប៉ុន្តែអ្នកគួរជ្រើសរើសយកនូវ ក្រែមការពារកំដៅថ្ងៃដែលមាន titanium dioxide and zinc oxide ព្រោះសារធាតុទាំងពីរនេះមិនជ្រាបចូលទៅក្នុងស្រទាប់ស្បែកនោះទេ។
ឈ្មោះក្នុងតារាងសារធាតុ  : Titanium dioxide, Zinc oxide, Avobenzone (Parsol 1789), Oxybenzone, Dioxybenzone, Benzophenone, Octyl methoxycinnamate (OMC), Para-aminobenzoic acid (PABA), Octocrylene (សារធាតុទាំងនេះអ្នកអាចប្រើបានលើកលែងOxybenzone​​​ និង benzophenone)

7. Parabens
មាននៅក្នុង : ឡេផ្តល់សំណើម សាប៊ូកក់សក់ ក្រែមបន្ទន់សក់ ឡេបំបាត់ភាពជ្រីវជ្រួញ ឡេការពារកំដៅថ្ងៃ ទឹកជូតសំអាតមុខ និង makeup ។
ផលអាក្រក់ចំពោះស្ត្រីមានផ្ទៃពោះ  : វាជាសារធាតុដែលដាក់ដើម្បីអោយផលិតផលទុកបានយូរ និង កុំអោយមេរោគដុះ។ សារធាតុនេះត្រូវបានរកឃើញថា បង្កើននូវការប្រឈមនឹងការកើតមហារីក ហើយចំពោះស្ត្រីមានផ្ទៃពោះវាអាចធ្វើអោយប៉ះពាល់ដល់ប្រពន្ធ័បន្តពូជនៃទារកដែលមានភេទប្រុស។
ឈ្មោះក្នុងតារាងសារធាតុ  : sodium methylparaben, methylparaben, ethylparaben, propylparaben, butylparaben

8. Phthalates
មាននៅក្នុង : ថ្នាំលាបក្រចក ឬ ព្យាបាលក្រចក ក្រែមលាបមាត់  ផលិតផលបំបាត់ភាពជ្រីវជ្រួញ ផលិតផលដែលមានក្លិន
ផលអាក្រក់ចំពោះស្ត្រីមានផ្ទៃពោះ  : ការស្រាវជ្រាវបានបង្ហាញថាវាអាចធ្វើអោយប៉ះពាល់ដល់ប្រពន្ធ័បន្តពូជរបស់ទារកភេទប្រុស ហើយក៏អាចធ្វើអោយមាននូវការផ្លាស់ប្តូរប្រដាប់ភេទទារកខុសធម្មតាដែរ។
ឈ្មោះក្នុងតារាងសារធាតុ  : dibutyl phthalate (DBP), diethylhexyl phthalate (DEHP)

9. Toulenes
មាននៅក្នុង : ផលិតផលទាក់ទងនឹងក្រចក
ផលអាក្រក់ចំពោះស្ត្រីមានផ្ទៃពោះ  : វាប៉ះពាល់ដល់ការលូតលាស់របស់ទារក និង ពុលទៅលើប្រពន្ធ័បន្តពូជ បូករួមនឹងការខូចខាតខួរក្បាល និង​កោសិកា ពេលដែលអ្នកហិតចូលនូវបរិមាណដ៏ច្រើននៃ Toulenes។
ឈ្មោះក្នុងតារាងសារធាតុ  : methylbenzene

10. ថ្នាំលាបសក់ និង ទឹកអប់
ឈ្មោះក្នុងតារាងសារធាតុ  : Formaldehyde, PPD, PPDA
ផលអាក្រក់ចំពោះស្ត្រីមានផ្ទៃពោះ  : ដោយសារទឹកអប់ស្ទើតែទាំងអស់មិនបានបង្ហាញនូវតារាងរាយឈ្មោះសារធាតុផ្សំដែលជាអាថ៏កំបាំង ហេតុដូចនេះ អ្នកមិនអាចដឹងថាតើមានសារធាតុអ្វីខ្លះ​ទេដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នក ក៏ដូចជាទារកដែលនៅក្នុងផ្ទៃ ហេតុដូចនេះវាជាការល្អប្រសិនបើអ្នកអាចជៀសវាងបាន។

ខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងជួយស្ត្រីដែលជាអ្នកម្តាយគ្រប់រូប ក្នុងការជ្រើសរើសផលិតផលដែលផ្តល់នូវសុវត្ថិភាពដល់ខ្លួនអ្នកផ្ទាល់ ក៏ដូចជាទារកដែលនៅក្នុងផ្ទៃអ្នកផងដែរ។

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.