ម៉ាសធម្មជាតិមួយណាដែលមានប្រសិទ្ធភាព និង គ្មានប្រសិទ្ធភាព ?

មនុស្សមួយភាគធំ រួមទាំងខ្ញុំផងដែរតែងតែ យល់ថា ម៉ាសធម្មជាតិធ្វើដោយខ្លួនឯងគឺ មានសុវត្ថិភាព និង ជារបស់ធម្មជាតិវាគ្រោះថ្នាក់ដូចម៉ាសដែលលាយសារធាតុគីមី ប៉ុន្តែក្រោយពីមុខរបស់ខ្ញុំធ្លាប់ឡើងរាលក្រហាយដោយសារម៉ាសធម្មជាតិមួយចំនួន ខ្ញុំក៏ឆ្ងល់ថា តើម៉ាសធម្មជាតិទាំងនោះពិតជាមានប្រសិទ្ធភាព និង មានសុវត្ថិភាពមែនរឺទេ​ ? ដូចនេះថ្ងៃនេះ ខ្ញុំនឹងលើកយកនូវម៉ាសធម្មជាតិមួយចំនួនដែលអ្នកគួរលាបលើមុខ និង​ មួយចំនួនដែលមិនគួរដាក់លាបលើមុខ :

1. ទឹកក្រូចឆ្មារជួយបំបាត់អាចម៏រុយ និង បំបាត់ស្លាកស្នាម ?

អ្នកប្រហែលជាធ្លាប់ឃើញនូវ ដំបូន្មានជាច្រើនដែលគេប្រាប់ថា ប្រើក្រូចឆ្មារសំរាប់ធ្វើអោយបាត់ស្នាមមុន ឬ អាចម៏រុយ ឬ ធ្វើអោយមុខស ប៉ុន្តែអ្វីដែលអ្នកមិនដឹងគឺ វាមាន pH ប្រហែល ២ មានន័យថាវាជាអាស៊ីតដែលអាចបណ្តាលអោយរលាកស្បែក និង ធ្វើអោយស្បែកងាយរលាក ( sensible ) ដោយសារតែកំដៅថ្ងៃ បើទោះបីអ្នកបានប្រើឡេការពារកំដៅថ្ងៃក៏ដោយ ។ ហើយពេលដែលស្បែកអ្នកឡើងរាលដោយកំដៅថ្ងៃ ដោយសារការប្រើ ក្រូចឆ្មារវានឹងធ្វើអោយអ្នកនឹងឡើងអាចម៏រុយ ហើយអាចម៏រុយនេះពិបាកព្យាបាលជាងអាចម៏រុយដែលបណ្តាលមកពីកំដៅថ្ងៃទៅទៀត ។ ដូចនេះ ប្រសិនបើអ្នកមានស្បែកដែលងាយប្រតិកម្ម ឬ ស្បែកដែលមានមុន ខ្ញុំគិតថា វាជាម៉ាសបិទមុខដែលអ្នកគួរនៅអោយឆ្ងាយ ។

2. Baking soda ( ម៉្សៅសូដា )

នៅពេលដែលអ្នកទាំងអស់គ្នាយក Baking soda លាយទឹក រួចប្រើវា scrub លើមុខ អ្វីដែលផ្លាស់ប្តូរមុនគេគឺ pH ស្បែក ដោយសារតែ Baking soda មាន pH 8 ( pH បាស ) ចំនែកស្បែកដែលមានសុខភាពល្អ គឺមាន pH 5 ទៅ 5.5 ។ ម៉្យាងវិញទៀត ការ scrub អាចអោយស្បែកឆ្កូត ស្នាមប្រេះតូចៗ ដែលអនុញ្ញាតិអោយមេរោគចូលក្នុងស្បែកបាន ។ អ្នកអាចសាកល្បងប្រសិនបើអ្នកមានស្បែកធម្មតា ប៉ុន្តែសំរាប់អ្នកដែលមានស្បែកប្រភេទងាយប្រតិកម្ម ឬ ស្បែកដែលមានមុន ស្បែកមុខស្តើង ស្បែកមុខក្រហម ខ្ញុំសូមហាម ។
how-to-fight-colds-and-the-flu-with-baking-soda1

3. ស្ករស SUGAR

អ្នកប្រហែលជាធ្លាប់ឃើញ ម៉ាសខាត់មុខដែលលាយជាមួយស្ករស ដូចជា ស្ករសលាយជាមួយទឹកឃ្មុំ កាហ្វេ រមៀត ឬ ប៉េងប៉ោះ ប៉ុន្តែ ស្ករសជាសារធាតុដែលរឹង ដែលអាចធ្វើអោយដាច់ស្បែកមុខក្នុងអំឡុងពេលដែលអ្នក Scrub ដូចនេះវាអាចធ្វើអោយស្បែកមុខអ្នក ស្ងួត និង របកបាន ។ ប្រសិនបើអ្នកចង់ Scrub មុខអោយរលោងស្អាត ខ្ញុំណែនាំ អោយប្រើ ម៉្សៅរមៀតលាយជាមួយនឹងទឹកឃ្មុំ វាមានសុវត្ថិភាពជាង ។

Coffee-+-Vanilla-Sugar-Scrub-offbeat-+-inspired-4

 

4. ទឹកខ្មេះពីផ្លែប៉ោម ( apple cider vinegar )

apple cider vinegar ជួយជំរុសកោសិកា និង មានមុខងារប្រឆាំងនឹងបាក់តេរី ( ដោយសារវាជាអាស៊ីត ) ប៉ុន្តែគ្មានការបញ្ជាក់ថាវាជួយព្យាបាលមុននោះទេ ។ ខ្ញុំធ្លាប់សាកល្បង apple cider vingegar លាយជាមួយនឹងទឹកតែបៃតង រូចជូតសំអាតមុខ អ្វីដែលខ្ញុំសង្កេតឃើញគឺស្បែកខ្ញុំឡើងរាលជុំវិញបរិវេណភ្នែក និង មុខឡើងក្រហម រឿងមួយទៀតដែលពិបាកទ្រាំគឺ វាមានក្លិនអាក្រក់ ។

Uses-Apple-Cider-Vinegar

5. ទឹកឃ្មុំជួយពន្យារមុន​ ?

Manuka honey គឺជាទឹកឃ្មុំដែលបានផលិតឡើងនៅប្រទេស អូស្រ្តាលី និង ញូសេឡែន ។ លក្ខណៈពិសេសរបស់វាគឺ ជាទឹកឃ្មុំដែលបានពីឃ្មុំដែលក្រែបតែលំអងផ្កាតែមួយប្រភេទគត់គឺ ផ្កា Manuka ។ វាត្រូវបានគេប្រើសំរាប់ព្យាបាល របួសនិង បញ្ហាស្បែកដូចជា Staph infections ( វាស្រដៀងនឹងមុនដែរ ) ។ ថ្វីត្បិតតែវាអាចព្យាបាល Staph infections បាន ប៉ុន្តែគ្មានការបញ្ជាក់ថា មុនដែលបង្ករដោយបាក់តេរី អាចព្យាបាលដោយទឹកឃ្មុំនោះទេ ។ មានមនុស្សជាច្រើនយល់ច្រលំថា វាអាចព្យាបាលមុនបាន ។ ប្រសិនបើអ្នកចង់សាកល្បងម៉ាសបិតមុខនេះ អ្នកអាចសាកល្បងបានព្រោះវាមិនបង្ករគ្រោះថ្នាក់អ្វីដល់ស្បែកនោះទេ ថ្វីត្បិតតែវាមិនអាចព្យាបាលមុនបាន ប៉ុន្តែវាគឺជាម៉ាសផ្តល់សំណើមដ៏ល្អ ។

1

6. ម៉ាសទឹកដោះគោជូរ ជួយកំចាត់ចោលកោសិកាចាស់ ?

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានអានអត្ថបទដែលខ្ញុំបានប្រើម៉ាសទឺកដោះគោជូរសំរាប់ផ្តល់សំណើម​ដល់ស្បែកមុខ ។ ខ្ញុំទទួលស្គាល់ថាវាជាម៉ាសបិទមុខដែលផ្តល់សំណើមបានល្អ ប៉ុន្តែប្រសិនបើមានអត្ថបទណាដែលថាវាមានសម្មត្ថភាពក្នុងការកំចាត់ចោលកោសិកាចាស់ៗ ចេញពីមុខនោះ វាមិនពិតទេ បើទោះបីវាមានសារធាតុ acid lactic ក៏ដោយប៉ុន្តែវាផ្ទុកត្រឹមតែ 1% ហើយដើម្បីអោយ acid Lactic អាចកំចាត់ចោលនូវកោសិកាចាស់ៗនៃស្បែកបានអ្នកត្រូវការកំហាប់វាយ៉ាងហោចណាស់ 5% ។

7. ម៉ាសបិទក្រោមភ្នែកបំបាត់ការហើម ?

ខ្ញុំធ្លាប់សាកល្បង ម៉ាសបិទក្រោមភ្នែក ៣ ប្រភេទ ម៉ាសត្រសក់ ម៉ាសពីកញ្ចប់តែបៃតង និង ម៉ាសដំលូងបារាំង ។ ប្រសិនបើអ្នកចង់បំបាត់ស្នាមដក់ខ្មៅក្រោមភ្នែកអ្នកអាចសាកល្បង ម៉ាសដំលូងបារាំង ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាហើមក្រោមភ្នែក ខ្ញុំណែនាំអោយប្រើម៉ាសតែបៃតងជាងម៉ាសត្រសក់ព្រោះ ការសិក្សាបញ្ជាក់ថា​តែបៃតងមានសារធាតុ caffeine និង​ antioxidants ដែលអាចជួយបន្ថយការហើមបាន ប៉ុន្តែមុនប្រើអ្នកគួរយកវាដាក់ចូលទូរទឹកកកអោយត្រជាក់ល្មមសិន ។ បានជាខ្ញុំហ៊ានថា ម៉ាសត្រសក់មិនសូវមានប្រសិទ្ធភាពព្រោះ ខ្ញុំសាកល្បង ប្រើទឹកកកស្អំត្រង់រង្វង់ភ្នែក និង ប្រើស្លាបព្រា ( យកស្លាបព្រាបាយ ដាក់ចូលទូរទឹកកករួចយកមកស្អំបរិវេណភ្នែក ) ស្អំបំបាត់ការហើម ឃើញថាប្រសិទ្ធភាពរបស់វាល្អជាងត្រសក់ ហើយក៏ងាយស្រួលជាងផងដែរ ។

q

8. លាបថ្នាំដុសធ្មេញដើម្បីបំបាត់មុន​ ?​

អ្នកប្រហែលជាធ្លាប់ឃើញ ឬ ធ្លាប់លឺថា ថ្នាំដុសធ្មេញអាចព្យាបាលមុនបាន ប៉ុន្តែសំរាប់ខ្ញុំ វាមិនមែនជាគំនិតល្អទេ ព្រោះអ្វីដែលខ្ញុំ​ដឹងគឺ ក្នុងថ្នាំដុសធ្មេញ មានបន្ថែមនូវសារធាតុជាច្រើនដូចជា សារធាតុធ្វើអោយធ្មេញស ក្លិន សារធាតុធ្វើអោយចេញជាពពុះ ហើយសារធាតុទាំងនេះគឺសំរាប់ធ្មេញ មិនមែនសំរាប់ស្បែកមុខនោះទេ​ ។ សំរាប់ខ្ញុំរាល់ពេលក្រោយដុសធ្មេញ ស្បែកជុំវិញបបូរមាត់ដែលប៉ះជាមួយថ្នាំដុសធ្មេញតែងតែឡើងស្ងួត​និង​ក្រហាយ ពេលខ្លះពេល ខ្ញុំលាបក្រែមផ្តល់សំណើមពេលយប់ជុំវិញបរិវេណមាត់ វាតែងតែក្រហាយ ដូចនេះ តើនឹងមានអ្វីកើតឡើងប្រសិនបើយើងលាបវាលើស្បែកមុខយើង ?

9. ធ្វើអោយរន្ធញើសតូច ជាងមុន ?

មានផលិតផលជាច្រើននៅលើទីផ្សារដែលបង្ហាញថា ជួយបំបាត់រន្ធញើស ឬ ធ្វើអោយរន្ធញើសតូចជាងមុន ប៉ុន្តែ កុំជឿល្អជាង ព្រោះទំហំនៃរន្ធញើសគឺមកពីកំណើត ( តំនរពូជ ) មិនមែនម​កពីទំលាប់នៃការប្រើប្រាស់ផលិតផលនោះទេ ដូចនេះវាជារឿងដែលអ្នកមិនអាចគ្រប់គ្រងបានទេ ។ វាប្រហែលជាពិបាកប្រសិនបើអ្នកចង់បំបាត់ ប៉ុន្តែអ្វីដែលអាចធ្វើបានគឺ អ្នកអាចត្រឹមធ្វើអោយវាតូចជាងមុនប៉ុណ្ណោះ ។ ខ្ញុំក៏មានរន្ធញើសធំដែរ វិធីថែគឺ គ្រាន់តែត្រូវការសាប៊ូលាងមុខដែលសំអាតបានល្អ ម៉ាសបិទមុខដែលអាចសំអាតរន្ធញើស និង ក្រែមបំបាត់កោសិការចាស់អោយចេញពីស្បែកមុខ ។ ប្រសិនបើអ្នកចង់សាកល្បងម៉ាសធម្មជាតិអ្នកអាចសាកល្បង ម៉ាសពងមាន់បាន ( យកតែផ្នែកសប៉ុណ្ណោះ ) លាបសប់មុខរួចទុក 20 នាទីសឹមលាងចេញ ប៉ុន្តែសំរាប់ខ្ញុំ ខ្ញុំឈប់ប្រើម៉ាសដែលធ្វើពីពងមាន់ចាប់តាំងពីពេលមានជំងឺផ្តាសាយបក្សីមកម៉្លេះ 😀 ។

10. ម៉ាសយីហ៊ុប ( cinnamon ) 

មិនថាអ្នកណានិយាយថា វាជាម៉ាសដែលល្អដល់កំរិតណាទេ ប៉ុន្តែ វាមិនខុសអី ពីលាបម្រេចលើមុខនោះទេ ព្រោះវាហិរ ល្វីង រលាក ក្រហាយ និង អាចធ្វើអោយស្បែកឡើងកន្ទួលរមាស់បាន ។

Cinnamonum verum

11 . ម៉ាសបិទមុខដែលគ្មានគ្រោះថ្នាក់ដល់ស្បែក 

ម៉ាសមួយចំនួនដែលខ្ញុំពិបាកប្រាប់ថា តើមានប្រសិទ្ធភាពឬអត់ ប៉ុន្តែវាមិនបង្ករគ្រោះថ្នាក់ដល់ស្បែក ដូចជា ម៉្សៅរមៀត តែបៃតង ម៉ាសផ្លែប័រ ម៉ាសទឹកដោះគោឆៅ ម៉្សៅតែបៃតង កាហ្វេ ទឹកអង្ករ ម៉ាសប៉េងប៉ោះ ម៉ាសល្ហុង និង ម៉ាសផ្លែចេក​ ( វាតែងតែធ្វើអោយមុខខ្ញុំឡើងមុន ដូចនេះ ខ្ញុំអត់សូវចូលចិត្តម៉ាសនេះទេ ) ។ ក្នុងករណីអ្នកសាកល្បងម៉ាសធម្មជាតិរូបមន្តថ្មីណាមួយ វិធីដ៏មានសុវិត្ថភាពគឺ មុនពេលដែលអ្នកទាំងអស់គ្នាលាបម៉ាសទាំងនេះលើមុខ គឺលាបវានៅលើគន្លាក់ដៃ ប្រហែល 5 នាទីជាមុនសិន ប្រសិនបើស្បែកមិនឡើងក្រហម ឬ រលាក ឬ រមាស់ទេ អ្នកអាចលាបនៅលើមុខបាន ប៉ុន្តែវិធីនេះមិនប្រាកដថា​ សុវត្ថិភាព 100% ទេ ព្រោះស្បែកមុខស្តើង និង ងាយប្រតិកម្មជាងស្បែកដងខ្លួន ។

 

  6 comments for “ម៉ាសធម្មជាតិមួយណាដែលមានប្រសិទ្ធភាព និង គ្មានប្រសិទ្ធភាព ?

  1. heng
    April 26, 2016 at 10:06 pm

    b hah pel nh leap cinnamon mix with milk vear k’tav nas

    • somaly
      April 27, 2016 at 8:58 pm

      It’s not for sensitive skin and also should test on your neck before apply on your face.

    • somaly
      May 31, 2016 at 8:13 pm

      Cinnamon is bad for skin.

  2. heng
    April 26, 2016 at 10:27 pm

    where can i buy baking soda?

    • somaly
      April 27, 2016 at 8:57 pm

      i buy it at lucky super market.

    • somaly
      May 31, 2016 at 8:12 pm

      buy at lucky super market dear

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.