តើលាងមុខនឹងទឹកត្រជាក់ ឬ ទឹកក្តៅទើបល្អ ?

ខ្ញុំធ្លាប់សាកល្បងលាងសំអាតផ្ទៃមុខដោយទឹកក្តៅ ហើយក៏ធ្លាប់សាកល្បងលាងសំអាតដោយទឹកត្រជាក់ផងដែរ ខ្ញុំសង្កេតឃើញលក្ខណៈខុសគ្នា ហើយក៏មានគុណសម្បត្តិ និង គុណវិបិត្តដោយឡែកពីគ្នា ។ ដូចនេះថ្ងៃនេះ ខ្ញុំនឹងលើកយកនូវលក្ខណៈខុសគ្នារវាងការលាងមុខដោយ​ប្រើទឹកក្តៅ និង ទឹកត្រជាក់ ព្រមទាំងការជ្រើសរើសអាស្រ័យទៅតាមប្រភេទស្បែករបស់អ្នក :

1. ការលាងមុខដោយទឹកក្តៅ

ការលាងមុខដោយទឹកក្តៅ គឺ សំដៅដល់ទឹកក្តៅអ៊ុនៗ មិនមែនទឹកក្តៅខ្លាំងនោះទេ ។ ប្រសិនបើអ្នកសួរថា តើទឹកក្តៅអ៊ុនតើក្តៅកំរិតណា ? គឺ វាក្តៅប្រហែលនឹងសីតុណ្ហភាពនៃខ្លួនរបស់អ្នក ពី 36 °C – 38 °C ( អ្នកអាចប្រើប្រដាប់វាស់សីតុណ្ហភាព បានប្រសិនបើអ្នកពិបាកកំណត់ថាវាក្តៅល្មមឬអត់ ) ប៉ុន្តែអ្នកអាចដឹងថាវាក្តៅអ៊ុនៗ ដោយប្រើខ្នងដៃ ព្រោះទឹកដែលក្តៅអ៊ុនៗ គឺ ខ្នងដៃសឹងគ្មានអារម្មណ៌ថាក្តៅ ឬ អាចមានអារម្មណ៌ថាក្តៅតិចតួចប៉ុណ្ណោះ ។
ភាគច្រើនខ្ញុំយកទឹកពីម៉ាស៊ីនដាំទឹក ប្រហែលមួយកែវលាយជាមួយនឹងទឹកធម្មតា 2-3 កែវ ។

ផលប្រយោជន៌ :
– ងាយស្រួលក្នុងការលាងសំអាតភាពកង្វក់ ឬ កោសិកាដែលងាប់ ( តែវាមិនអាចបើករន្ធញើសដូចជាមនុស្សភាគច្រើនបាននិយាយនោះទេ )
– ធ្វើអោយស្បែករលោង

គុណវិបិត្ត :
– អាចធ្វើអោយស្បែករលាក ក្រហម ក្រហាយ
– ស្បែកស្ងួត

ប្រភេទស្បែក : ប្រភេទស្បែកដែលសក្ក័សមនឹងទឹកក្តៅអ៊ុនៗ គឺ ស្បែកមុខខ្លាញ់ ឬ ស្បែកដែលមានរន្ធញើសធំ ៗ

2. ការលាងមុខដោយទឹកត្រជាក់

ត្រជាក់​ ? តើត្រជាក់ដូចទឹកកកមែនទេ ? ទឹកត្រជាក់ដែលប្រើលាងសំអាតមុខនេះមិនមែនត្រជាក់ដូចទឹកកកនោះទេ គឺ ត្រជាក់ល្មម ខ្ញុំតែងតែច្រកទឹកដាក់ដប ហើយដាក់ក្នុងទូរទឹកកក ( តែមិនមែនកន្លែងបង្កកទេ ) នៅពេលព្រឹកឡើងខ្ញុំតែងតែប្រើវាលាងសំអាតមុខដោយលាយបរិមាណទឹកត្រជាក់ ( ដែលដកចេញពីទូរទឹកកក ) ពាក់កណ្តាលលាយជាមួយនឹង​ទឹកធម្មតាពាក់កណ្តាល ។

ផលប្រយោជន៌ :
– ធ្វើអោយស្បែកតឹងលោងស្អាត
– ជួយធ្វើអោយរន្ធញើសតូចជាងមុន ( វាមិនបានជួយអោយរន្ធញើសតូចតែព្រោះវាធ្វើអោយស្បែងតឹង )
– បំបាត់អាការៈមួយចំនួនដូចជាហើមមុខ ឬ ហើមក្រោមភ្នែក
– ប្រសិនបើអ្នកមានមុនក្រហម វាជួយបំបាត់ការឡើងក្រហមនៃមុន ផងដែរ

គុណវិបិត្ត :
– អាចពិបាកទ្រាំព្រោះធ្វើអោយស្បែកមុខមានអារម្មណ៌ស្ពឹក
– ក្រោយលាងហើយមានអារម្មណ៌ថាស្បែកមុខក្តៅ ( វាមិនប៉ះពាល់អ្វីច្រើននោះទេ )

ប្រភេទស្បែក : ប្រភេទស្បែកដែលសក្ក័សមនឹងទឹកត្រជាក់គឺ ស្បែកស្ងួត ឬ ស្បែកដែលមានមុន

វិធីដែលខ្ញុំប្រើ :
– ប្រើទឹកក្តៅអ៊ុនៗ ប្រើលាងមុខពេលយប់មុនពេលចូលគេង និង ប្រើលាងមុនពេលប្រើសាប៊ូលាងមុខ
– ប្រើទឹកត្រជាក់លាងមុខពេលព្រឹកព្រលឹម និង ក្រោយពេលលាងមុខនិងសាប៊ូ
– ខ្ញុំតែងតែដាក់ Toner ឬ សេរ៉ូមប្រៃ Normal Saline ក្នុងទូរទឹកកក ក្រោយពេលលាងសំអាតមុខដោយទឹកក្តៅអ៊ុនរួច អ្នកអាចប្រើ Toner ត្រជាក់ជូតមុខតាមក្រោយ

7

ដោយសារតែអាកាសធាតុក្តៅខ្លាំងដូចនេះ ខ្ញុំដាក់​ Toner ក្រែមលាបពេលថ្ងៃ ក្រែមលាបពេលយប់ និង ក្រែមលាបជុំវិញភ្នែក ក្នុងទូរទឹកកក ( ស្រានេះមិនមែនរបស់ខ្ញុំទេ 😀 ) ។ រវាងការលាងមុខជាមួយទឹកក្តៅអ៊ុនៗ និង ទឹកត្រជាក់ ខ្ញុំជ្រើសរើសការលាងមុខដោយទឹកត្រជាក់ព្រោះ វាជួយកាត់បន្ថយការឡើងមុនរបស់ខ្ញុំបាន និង ជួយកាត់បន្ថយទំហំនៃរន្ធញើស ។

ចុះអ្នកទាំងអស់គ្នាវិញ ចូលចិត្តលាងមុខដោយទឹកក្តៅ ឬ ទឹកត្រជាក់ ?

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.