វិធី 7 យ៉ាងដែលខ្ញុំប្រើប្រាស់ប្រទាលកន្ទុយក្រពើ Gel

ប្រទាលកន្ទុយក្រពើមានផលប្រយោជន៍ជាច្រើនដែលអ្នកមិនដឹង ដូចនេះថ្ងៃនេះខ្ញុំសុំលើកយកពីវិធី 7 យ៉ាងដែលខ្ញុំតែងតែប្រើវាមកបង្ហាញអ្នកទាំងអស់គ្នា ។

1. ក្រែមផ្តល់សំណើមសំរាប់ស្បែកមុខ និង ស្បែកខ្លួន 
ប្រទាលកន្ទុយក្រពើជាក្រែមផ្តល់សំណើមដ៏ល្អ ព្រោះវាផ្តល់សំណើមដល់ស្បែកដោយមិនបន្សល់ជាតិខ្លាញ់ដូចជា ឡេមួយចំនួននោះទេ ។ ខ្ញុំតែងតែប្រើវាលាបលើផ្ទៃមុខ មុនពេលចូលគេង ព្រោះស្បែករបស់ខ្ញុំប្រភេទខ្លាញ់ និង មានមុន ហើយខ្ញុំក៏តែងតែប្រើវាជាឡេលាបខ្លូនផងដែរ ។ ប្រសិនបើអ្នកមានផ្ទៃពោះ អ្នកគួរប្រើប្រទាលកន្ទុយក្រពើ Gel លាបលើក្បាលពោះ ព្រោះវាជួយផ្តល់សំណើម ការពារការឡើងសង្វារ និង ជាសារធាតុធម្មជាតិដែលមិនបង្ករគ្រោះថ្នាក់ដល់កូនទៀតផង ។  ខ្ញុំតែងតែប្រើវាលាបលើស្បែកក្បាលនៅពេលដែលខ្ញុំមានអារម្មណ៍ថាស្បែកក្បាលរមាស់ ឬ ឡើងអង្កែរ ដោយលាបលើស្បែកក្បាលក្រោយពេលកក់សក់ហើយ វាជួយបន្ថយអាការៈរមាស់ និង ជួយផ្តល់សំណើមដល់ស្បែកក្បាល និង ជួយសក់អោយមានសុខភាពល្អទៀតផង ។ ប្រសិនបើអ្នកមានជំងឺស្បែកដូចជា ជំងឺរលាកគល់រោម ឬ តាអក ឬ ស្បែកតែងតែឡើងកន្ទួលរមាស់ ប្រទាលកន្ទុយក្រពើ gel ជាប្រភេទឡេលាបខ្លួនដែលអ្នកគួរប្រើ ។

5

2. ក្រែមលាបក្រោយពេលកោររោម
ខ្ញុំតែងតែកោររោមជើងជាប្រចាំ ហើយដើម្បីបង្ការការឆ្អាក្រោយពេលកោររោម ខ្ញុំតែងតែលាបប្រទាលកន្ទុយក្រពើក្រោយពេលកោររោម ។ សំរាប់សុភាពបុរស អ្នកក៏អាចប្រើវាលាបលើមុខក្រោយពេលដែលកោរពុកមាត់ផងដែរ ព្រោះវាជួយផ្តល់សំណើម បង្ការអាការៈឆ្អារ និង ជួយផ្សះស្បែកប្រសិនបើអ្នកមុតឡាមអំឡុងពេលដែលអ្នកកោរទៀតផង ។

3

3. ព្យាបាលស្បែករលាក
ប្រសិនបើស្បែកអ្នករលាកដោយភ្លើង ឬ រលាកទឹកក្តៅ អ្នកអាចប្រើប្រទាលកន្ទុយក្រពើលាបលើមុខរបួស ព្រោះវាជួយបន្ថយការឡើងក្រហាយរាល និង ជួយផ្សះមុខរបួសបានយ៉ាងល្អទៀតផង ។ វាក៏ត្រូវបានប្រើក្នុងការការពារស្បែកក្រោយពេលរលាកដោយសារកំដៅថ្ងៃផងដែរ ដែលជាទូទៅគេតែងតែលាបវាក្រោយពេលដែលស្បែកហាលថ្ងៃ ឬ ក្រោយពេលដើរហាលថ្ងៃយូរម៉ោង ។ ប្រសិនបើអ្នកទៅលេងសមុទ្រ អ្នកអាចលាបវាអោយសប់ស្បែកដើម្បីការពារស្បែកពីការរលាក ឬ ក្រហមដោយសារកំដៅថ្ងៃបាន ។

4. ព្យាបាលមុន 
នៅថ្ងៃមករដូវ មុខរបស់ខ្ញុំតែងតែឡ់ើងមុនខ្លាំងខុសធម្មតា ដូចនេះក្នុងអំឡុងថ្ងៃនេះ ខ្ញុំតែងតែលាបវាអោយសប់ផ្ទៃមុខ ដើម្បីព្យាបាលមុន និង បន្ថយការឡើងមុន ។ ប្រទាលកន្ទុយក្រពើ ក៏ជួយបំបាត់ស្លាកស្នាមមុនបានផងដែរ ។

5. ក្រែមការពារភាពជ្រីវជ្រួញ
នៅក្នុងប្រទាលកន្ទុយក្រពើមានសារធាតុ beta carotene, vitamin C និង E ដែលជាសារធាតុប្រឆាំងនិងភាពជ្រីវជ្រួញ ដូចនេះខ្ញុំតែងតែប្រើវាជាក្រែមលាបខ្លួន និង លាបស្បែកប្រអប់ដៃ និង ក ដើម្បីការពារភាពជ្រីវជ្រួញ ។ ដោយសារតែប្រទាលកន្ទុយក្រពើ gel ជាសារធាតុប្រើសំរាប់ស្បែកដែលងាយប្រតិកម្ម ដូចនេះខ្ញុំតែងតែប្រើវាធ្វើជាក្រែមលាបជុំវិញភ្នែក នៅពេលក្រែមលាបជុំវិញភ្នែកខ្ញុំអស់ ។

6. ធ្វើជាម៉ាសបិទមុខ
ខ្ញុំតែងតែប្រើវាជំនួសទឹក ឬ ទឹកឃ្មុំ សំរាប់ធ្វើម៉ាសបិទមុខមួយចំនួន ដូចជា ម៉ាសកាបូន ម៉ាស Tanaka និង ម៉ាសតែបៃតង

2

7. ព្យាបាលរបួស 
ដោយសារប្រទាលកន្ទុយក្រពើមានសមត្ថភាពក្នុងការប្រឆាំងនឹងបាក់តេរី និង ពពួកផ្សិត ដូចនេះវាក៏ត្រូវបានគេប្រើលាបលើរបួសផងដែរ ដោយសារវាជួយអោយរបួសឆាប់ជាសះស្បើយ និង ជួយបំបាត់ស្លាកស្នាមបានទៀតផង ។
1

មានកន្ទុយក្រពើ gel ជាច្រើនម៉ាកនៅលើទីផ្សារ ដែលភាគច្រើនវាខុសគ្នាត្រង់កំហាប់នៃប្រទាលកន្ទុយក្រពើ ដែលកំហាប់វាកាន់តែខ្ពស់ នោះមានន័យថា វាកាន់តែល្អ និង កាន់តែខាប់ និង ផ្តល់សំណើមកាន់តែខ្ពស់ ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.