ទំលាប់មួយចំនួនដែលអ្នកជំងឺបាក់ទឹកចិត្តធ្វើដោយមិនខ្លួន

អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហេតុអ្វីបានជាខ្ញុំបាត់ខ្លួនមួយរយៈធំ និង ខាន POST អត្ថបទថ្មីៗ ។ មូលហេតុដូចសារមានរយៈនេះ ខ្ញុំមាន depressive episode ។ ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា ខ្ញុំមានជំងឺបាក់ទឹកចិត្ត ដែលបានព្យាបាលអស់រយៈពេល ៣ ឆ្នាំមកហើយ ប៉ុន្តែស្រាប់តែក្នុងអំឡុងពេលប្រហែល 4-5 ខែក្រោយនេះ ស្រាប់តែខ្ញុំមាន depressive episode ជាពេលដែលជំងឺបាក់ទឹកចិត្តអ្នករើឡើងវិញដែលធ្វើអោយខ្ញុំបាត់បង់នូវកំលាំងចិត្ត ក្តីសុបិន្ត កំលាំងកាយ និង ព្រមទាំងលែងចង់ធ្វើអ្វីទាំងអស់ ។  depressive episode អាចកើតឡើងគ្រាប់ពេល ហើយមានរោគសញ្ញាខុសៗគ្នារវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដូចនេះថ្ងៃនេះ ខ្ញុំនឹងលើកយកចំនុចមួយចំនួនដែលអ្នកអាចធ្វើដោយមិនដឹងខ្លួន វាអាចជួយអោយអ្នកដឹងថា ក្នុងខ្លួនអ្នកកំពុងមានបញ្ហា ឬ អាចអោយមនុស្សដែលស្និតស្នាលនឹងអ្នកដឹងតាមរយៈកាយវិការទាំងអស់នេះ ហើយវាជាសញ្ញាបង្ហាញថា អ្នកកំពុងវាយប្រហារដោយជំងឺបាក់ទឹកចិត្ត ហើយអ្នកកំពុងត្រូវការជំនួយផងដែរ :

Depressive-art-13

1. អ្នកចាប់ផ្តើមឃុំខ្លួនឯងក្នុងផ្ទះ ឬ ក្នុងបន្ទប់ដោយមិនចង់ចេញក្រៅ ឬ មិនចង់ជួបអ្នកណា ។ ហើយការដែលនៅតែក្នុងផ្ទះ ឬ ក្នុងបន្ទប់ធ្វើអោយអ្នកមានអារម្មណ៌ថា អ្នកមានសុវត្ថិភាព ។

2. អ្នកចាប់ផ្តើមព្យាយាមផ្តាច់ខ្លួនពីពិភពខាងក្រៅ អ្នកមិនតមសារអ្នកណា មិនលើកទូរសព្ទ័ លុបចោលការណាត់ជួប និង មិនចង់ទៅធ្វើការ ឬ ទៅសាលា ។

3. អ្នកតែងតែនិយាយថា អ្នកអស់កំលាំង និង ចង់គេង ឬ សំរាក ប៉ុន្តែ អ្នកបែរជាគេងមិនលក់ និងចំនាយពេលរាប់ម៉ោងគេងសំលឹងមើលជញ្ជាំង និង គិតរឿងផ្តេសផ្តាសមិនឈប់ បើទោះបីជាអ្នកគេងលក់ ក៏អ្នកគេងលក់មិនស្ងប់ និង យប់សប្តិពេញមួយយប់ ។

4. អ្នកចាប់ផ្តើមមិនឃ្លាន គ្រាន់តែហាមាត់ញុាាំវាធ្វើអោយអ្នកមានអារម្មណ៌ថាហត់ និង មានអារម្មណ៌ថាចង់ក្អួតពេលដែលឃើញម្ហូប ។

5. អ្នកចាប់ផ្តើមញុាំច្រើនខុសធម្មតា ព្រោះអ្នកយល់ថាការញុាំនិងលេបយកនូវភាពមិនសប្យាយចិត្តរបស់អ្នកចូលអោយអស់ ។

6. អ្នកព្យាយាមបង្វែងដានការគិតរបស់អ្នកដោយការមើលទូរទស្សន៌ មើលទូរសព្ទ័ ចំណាយពេលលើ Facebook ឬ Instagram ឬ លេងហ្គែម ព្រោះអ្នកចង់គេចវេចពីការពិត ឬ ការគិតមួយចំនួន ។

7. អ្វីដែលអ្នកគិតគឺ ហេតុអ្វីក៏អ្នកក្លាយជាបែបនេះ តើគួរដោះស្រាយយ៉ាងណា ហើយតើវានឹងនៅបែបនេះយូរប៉ុណ្ណាទៀត ។ ប៉ុន្តែអ្វីដែលអ្នកទទួលបាន គឺ ០ ។

8. អ្នកមិនបានព្យាយាមផ្តាច់ខ្លូនចេញពីពិភពខាងក្រៅទេ ប៉ុន្តែមានបីសាចនៅក្នុងខ្លួនអ្នកដែលប្រាប់អ្នកថា គ្មានអ្នកណាស្រលាញ់អ្នក និង យកចិត្តទុកដាក់ ឬ ព្រួយបារម្ភពីខ្ញុំឡើង ។ ខ្ញុំជាមនុស្សអត់ប្រយោជន៌ និង ជាបន្ទុករបស់អ្នកដទៃ ។ បើទោះបីជា ខ្ញុំព្យាយាមយ៉ាងណាលទ្ធផលគីនៅតែដដែល ។

9. ខ្ញុំគេងពេញមួយថ្ងៃដោយមិនធ្វើអ្វីទាំងអស់ ខ្ញុំលេងចាប់អារម្មណ៌នឹងអ្វីដែលតែងតែចូលចិត្តធ្វើពីមុន ។

10. អ្នកមានអារម្មណ៌ថា អ្នកអស់កំលាំងគ្រប់ពេល ដែលវាធ្វើអោយអ្នកមិនចង់ធ្វើអ្វីទាំងអស់ ហើយអ្នកជៀសវាងរាល់សកម្មភាពផ្សេងៗដែលធ្វើអោយអ្នកចំណាយកំលាំង ដូចជា ហាត់ប្រាណ ងូតទឹក ធ្វើម្ហូប ដើរផ្សារ ជួបជាមួយមិត្តភ័ក្រ ឬ លេងជាមួយសត្វចិញ្ចឹមជាដើម ។

11. ម្ហូបគ្មានរសជាតិ ដូចនេះពេលខ្លះអ្នកភ្លេចថា អ្នកមិនទាន់បានញុាំអ្វីពេញមួយថ្ងៃ ហើយអ្នកជ្រើសរើសការផឹកភេសជ្ជៈជំនួយអាហារ ព្រោះវាងាយស្រួល និង មិនពិបាកលេប ។

12. អ្នកព្យាយាមរុញច្រានអ្នកដទៃ ដែលនៅជុំវិញខ្លួនអ្នក ។ ពេលខ្លះអ្នកពិបាកទ្រោះក្នុងខ្លួន ហើយអ្នកចង់បោះបង់ខ្លួនឯង ( សំលាប់ខ្លួន ) ប៉ុន្តែអ្នកមិនអាចធ្វើបានដូចនេះ អ្នកព្យាយាមរុញច្រានអ្នកដទៃដែលយកចិត្តទុកដាក់និងស្រលាញ់អ្នក ធ្វើអោយពួកគេបោះបង់អ្នកដោយឯកឯង វាធ្វើអោយងាយស្រួលក្នុងការសំរេចចិត្តបោះបង់ខ្លួនឯង ។

13. អ្នកតែងតែគិតរឿងផ្លូវអាក្រក់ ដូចជា អ្នកធ្លាក់មុខវិជ្ជាណាមួយនៅសាលា ឬ អ្នកមិនបានធ្វើការណាមួយសំរេចបានល្អនៅកន្លែងធ្វើការ ដូចអ្នកគិតថា អ្នកជាមនុស្សបរាជ័យ អ្នកធ្វើអោយគ្រួសារអស់សង្ឃឹម ឬ អ្នកគីតថាអ្នកនឹងក្លាយជាមនុស្សបរាជ័យទៅថ្ងៃអនាគត ឬ ខ្លាចក្នុងការព្យាយាមធ្វើវាម្តងទៀត ។

14. អ្នកគិតថា រឿងអាក្រក់តែងតែកើតលើអ្នក ហើយអ្នកគិតថា អ្នកជាមនុស្សដែលមានសំណាងអាក្រក់ ។

15. អ្នកគិតថាអ្នកខុសពីអ្នកដទៃ អ្នកមិនធម្មតា ឬ អ្នកជាមនុស្សចំលែក ហើយអ្នកគិតថាអ្នកដទៃនឹងវាយតំលៃអ្នក អ្នកបារម្ភគ្រប់ពេលពីការគិតរបស់អ្នកដទៃ ។

16. អ្នកបដិសេធគំំនិតអ្នកដទៃ ឧទាហរណ៌ : ខ្ញុំយល់ថា ខ្ញុំជាមនុស្សបរាជ័យ ខ្ញុំមិនស្អាត និង មិនមែនជាបងស្រីល្អ ប៉ុន្តែ ប្អូនស្រីខ្ញុំប្រាប់ខ្ញុំផង ខ្ញុំជាមនុស្សជោគជ័យ ខ្ញុំស្អាតក្នុងកែវភ្នែកនាង ហើយខ្ញុំជាបងស្រីដ៌ល្អម្នាក់ ប៉ុន្តែ អ្វីដែលខ្ញុំគិត គឺ ប្អូនស្រីខ្ញុំនិយាយបែបនេះគ្រាន់តែលើកចិត្តខ្ញុំ ហើយព្រោះតែនាងស្រលាញ៉ខ្ញុំប៉ុណ្ណោះ ពាក្យសំដីនេះ មិនមែនជាពាក្យសំដីពិតទេ ។

17. អ្នកវាយតំលៃកការគិតអ្នកដទៃចំពោះអ្នក ដូចជា មិត្តប្រុសអ្នកមិនទូរសព្ទ័មករកអ្នក អ្នកគិតថា តើខ្ញុំធ្វើអ្វីអោយគេខឹងមែនទេ? ខ្ញុំធ្វើអ្វីខុសមែនទេ ?

18. អ្នកទាយទុកហេតុការណ៌អ្វីមួយជាមុនតែក្នុងផ្លូវ អវិជ្ជមាន ដូចជា អ្នកគិតថាការព្យាបាលជំងឹផ្លូវចិត្តជារឿងដែលអ្នកប្រយោជន៌ ព្រោះវាមិនអាចជួយអ្នកបាន អ្នកនឹងរស់នៅជាមួយជំងឺនេះអស់មួយជីវិត វាជាជំងឺព្យាបាលមិនជា ។

19. អ្នកគិតរាល់កំហុសដែលអ្នកធ្លាប់ធ្វើពីមុន ការភ័យខ្លាចថាកំហុសទាំងនោះនឹងកើតឡើងម្តងទៀត ហើយមានកំហុសមួយចំនួនដែលអ្នកគិតថា ទោះបីអ្នកព្យាបាលលុបលាងយ៉ាងណាក៏វានៅតែមិនអាចរលុបបាត់បាន ។

20. អ្នកទំលាក់កំហុសលើខ្លួនឯង ដូចជា កូនអ្នកមានបញ្ហានៅសាលា អ្នកគីតថាវាជាកំហុសរបស់អ្នកព្រោះអ្នកជាម្តាយមិនល្អ មិនចេះប្រដៅកូន ឬ ប្តីអ្នកមានស្រីខាងក្រៅ អ្នកគិតថាប្រហែលមកពីអ្នកជាប្រពន្ធមិនល្អ ។

21. អ្នកកើតទុក ឬ យំដោយមិនដឹងមូលហេតុ ។ ខ្ញុំចូលចិត្តស្តាប់បទចំរៀង Inner Demons by Julia Brennan និង បទ You Don’t Know by Katelyn Tarver វាជាបទចំរៀងដែលធ្វើអោយខ្ញុំយំ ។

22. អ្នកលែងខ្វល់ខ្វាយពីសុខភាពខ្លួនឯង ក្នុងអំឡុងពេលនេះ ខ្ញុំឡើងមុន ស្បែកស្រអាប់ អាក់រដូវ មានបញ្ហាក្រពះ ប៉ុន្តែខ្ញុំលែងខ្វល់ខ្វាយពីវា ព្រោះខ្ញុំគិតថា អ៊ីចឹងក៏ល្អ ខ្ញុំនឹងងាយឆាប់ស្លាប់ ។

23. អ្នកគិតពីការស្លាប់ញឹកញាប់ ដូចជា ខ្ញុំធ្វើម្ហូបខ្ញុំឃើញកាំបិត ខ្ញុំគិតថា ប្រសិនបើខ្ញុំចាក់ប្រហែលខ្ញុំអាចស្លាប់ ពេលដែលខ្ញុំគេងហើយសំលឹងបង្អួត ខ្ញុំគិតថាប្រសិនបើខ្ញុំចងកប្រហែលអាចស្លាប់ ពេលដែលខ្ញុំកំពុងជិះម៉ូតូខ្ញុំគិតប្រសិនបើជិះចូលឡានប្រហែលជាអាចស្លាប់ ។

ការគិតទាំងអស់នេះក៏អាចមាននៅលើមនុស្សធម្មតាបានដែរ ប៉ុន្តែប្រសិនបើវានៅជាមួយអ្នកលើសពី 2 អាទិត្យអ្នកគួរចាប់ផ្តើមចាប់អារម្មណ៌ ព្រោះអ្នកចាប់ផ្តើមត្រូវាការជំនួយ ព្រោះអ្នកមិនអាចជួយខ្លួនឯងបានទេ ។ ហើយក៏មានសកម្មភាពមួយចំនួនដែលអ្នកធ្វើដោយសារតែវាជាទំលាប់ធម្មតារបស់អ្នក ដូចជា អ្នកចូលចិត្តនៅតែឯង ឬ អ្នកចូលចិត្តគេងច្រើន ប៉ុន្តែរាល់សកម្មភាពដែលអ្នកធ្វើអ្នកគួរសួរខ្លួនឯងថា អ្នកសប្យាយចិត្តនឹងធ្វើវាដែររឺទេ ឬ គ្រាន់តែធ្វើដើម្បីគេចវេសពីអ្វីមួយ ?

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.