Skip to main content

ប្រសិនបើនិយាយពីផលិតផលម៉ាកកូរ៉េ COSRX គឺជាម៉ាកមួយក្នុងចំណោមម៉ាកផ្សេងទៀតដែលខ្ញុំចូលចិត្តជាងគេ ជាពិសេសវាជាផលិតផលដែលគ្មានក្លិន ចឹងសំរាប់ខ្ញុំគឺអាចនិយាយក្នុងម៉ាកនឹងគឺ ស្រួលចិត្តក្នុងការទិញប្រើ ។
ដូចនេះ ថ្ងៃនេះ សុំធ្វើការវាយតំលៃ 4 ប្រភេទនេះ ព្រោះមានអាផ្សេងទៀត បានត្រឹមសាកតែអត់មានរូបថត និង Texture ទេ ។ ផលិតផល Cosrx នេះ គឺ ខ្ញុំបានពីខាង GOODY-SHOP-Cambodia ( FB : HERE and IG : HERE )
បើចង់ដឹងថា ខ្ញុំចូលចិត្តមួយណាជាងគេ​គឺ ​មើលក្រោមគេ​គឺ ដឹងហើយ ។

Cosrx Hydrium Moisture Power Enriched Cream

ចំណុះ : 50ml
តំលៃ : $25
សាច់ផលិតផល : សាច់ស ខាប់ ម៉្សៅគ្រើមកំរិតស្រាល
ក្លិន : គ្មានក្លិន
សារធាតុផ្សំសំខាន់ : Glycerin, Ceramide NP, Cholesterol, Hyaluronic Acid, Panthenol
កំរិតផ្តល់សំណើម : 4/5
កំរិតថប់មុខ : 4/5

ការវាយតំលៃ
សាច់ក្រែមគឺពណ៌ស និង ខាប់ ដែលមានមានសារធាតុ 3 សំខាន់ គឺ Glycerin, Ceramide NP, Cholesterol ដែលជួយជុលរនាំងការពារស្បែក និង ផ្តល់សំណើមដល់ស្បែក ។ ប្រសិនបើអ្នកធ្លាប់ប្រើ សារធាតុ ceramide គឺ អ្នកដឹងហើយថាភាគច្រើនគឺ សាច់ក្រែមគឺគ្រើមខាប់ តែមិនមែនស្អិតទេ ។ ផលិតផលនេះ គឺ គ្មានសារធាតុក្លិនទេ ដែលសក្ក័សមសំរាប់អ្នក មានស្បែកធម្មតា ស្បែកមុខស្ងួត ស្បែកខ្វះជាតិទឹក ឬ ស្បែករបក ឬ ស្បែកដែលមានរនាំងការពារស្បែកខូចខាត ។ ពេលលាបពេលថ្ងៃ អាចនឹងរាងថប់មុខប្រសិនបើអ្នកមានស្បែកចំរុះ ឬ ធម្មតា ឬ ងាយបែកញើស តែវាល្អប្រើពេលយប់ ជាពិសេសបើប្រើអមជាមួយនឹងសារធាតុដែលធ្វើអោយស្ងួត BHA, Retinol, Adapalene, Tretinoine ជាដើម ។ ខ្ញុំសាកល្បងវានៅក្នុងរដូវរងារ ដែលជាពេលដែលស្បែកខ្ញុំខ្វះជាតិទឹក បើនិយាយពីកំរិតសំណើមគឺល្អ តែអ្វីដែលខ្ញុំសង្កេតឃើញ ពេលដែលស្បែកខ្ញុំរបកតាមគែមច្រមុះ គឺ ពេលលាបគឺមានអារម្មណ៍វាធ្វើអោយរោលកំរិតស្រាល និង ក្រហាយតិចៗ ដែលខ្ញុំអត់ដឹងមកពីអ្វីអោយប្រាកដទេ ។

Cosrx Hydrium Green Tea Aqua Soothing Gel Cream

ចំណុះ : 50ml
តំលៃ : $25
សាច់ផលិតផល : សាច់ជែល ពណ៌បែតងថ្លា
ក្លិន : គ្មានក្លិន
សារធាតុផ្សំសំខាន់ : Glycerin, Green Tea Leaf Extract, Allantoin
កំរិតផ្តល់សំណើម : 2.5/5
កំរិតថប់មុខ : 1.5/5

ការវាយតំលៃ
បើនិយាយពីសាច់នៃផលិតផល គឺ ជែល ( ដូចជែលប្រទាលកន្ទុយក្រពើ ) ពីដំបូងខ្ញុំគិតថា វាអាចនឹងផ្តល់សំណើមមិនគ្រប់គ្រាន់ ប៉ុន្តែ កំរិតសំណើមគឺអត់ចាញ់ Snail Cream ទេ អាចនិយាយថា ប្រហាក់ប្រហែលគ្នា ចឹងបើអត់ចូលចិត្តសាច់ Snail ទេ គឺអាចជំនួសដោយអានេះវិញ ។ ចំនុចដែលខ្ញុំមិនចូលចិត្ត គឺ ការវេចខ្ចប់ ព្រោះសាច់ជែលបែបនេះ វាពិបាកដួសចេញ ចឹងបើធ្វើវាដាក់ទីប ( Tube ) គឺងាយជាង ។ សាច់ផលិតផលរាវល្អ លាបអត់ស្អិត អត់បន្សល់សភាពរលោងលើមុខ អត់របកចេញ ត្រជាក់មុខស្រួល ជាពិសេសជាមួយនឹងរដូវក្តៅដែលឈានមកដល់ឆាប់ៗនេះ គឺ អាមួយនេះល្អសំរាប់អ្នកមានស្បែកខ្លាញ់ ឬ អ្នកងាយបែកញើស ។ ចំពោះខ្ញុំ វាងាយប្រើពេលថ្ងៃអមជាមួយនឹងក្រែមការពារកំដៅថ្ងៃប្រភេទផ្តល់សំណើម តែប្រសិនបើអ្នកធ្វើការក្នុងម៉ាស៊ីនត្រជាក់ ឬ ប្រើពេលយប់ ខ្ញុំយល់ថា ការផ្តល់សំណើមគឺអត់គ្រប់គ្រាន់ទេ ។ ចំនុចដែលរិតតែអត់ចូលចិត្ត គឺ ពេលខ្លះវាបន្សល់សភាពរាងតឹងមុខ ( ដូចពេលលាបប្រទាលកន្ទុយក្រពើចឹង ) ដែលមានអារម្មណ៍ថា អត់សូវស្រួលមុខពេលញញឹម ឬ សើច ។

Cosrx Advanced Snail 92 All in one Cream

ចំណុះ : 50ml
តំលៃ : $21
សាច់ផលិតផល : សាច់ថ្លា ស្អិតបែបប្រេងរំអិលខ្យង
ក្លិន : គ្មានក្លិន
សារធាតុផ្សំសំខាន់ : Snail Secretion Filtrate , Adenosine, HA, Arginine , Panthenol, Allantoin
កំរិតផ្តល់សំណើម : 3/5
កំរិតថប់មុខ : 3/5 ( អាស្រ័យលើបរិមាណ )

ការវាយតំលៃ
បើនិយាយពីសាច់ផលិតផលគឺ អាចនិយាយថា ដូចយក snail essence + ក្រែមផ្តល់សំណើម ។ សាច់វាគឺស្អិត និង គ្មានក្លិនអ្វីគួរអោយកត់សំគាល់ទេ ។ ខ្ញុំមិនមែនអ្នកចូលចិត្តសាច់ផលិតផលដែលស្អិតទេ ដូចនេះពេលប្រើដំបូង គឺខ្ញុំប្រើបរិមាណតិចមែនទែន ព្រោះខ្លាចស្អិត ចឹងលទ្ធផល គឺ ផ្តល់សំណើមមិនគ្រប់គ្រាន់ ។ បន្ទាប់មកខ្ញុំប្រើបរិមាណច្រើនជាងមុន 2 គ្រាប់សណ្តែកបារាំង សំណើមល្អជាងមុន ។ ចំពោះខ្ញុំ វាអត់ស្អិតមុខដូចខ្ញុំគិតទេ ព្រោះក្រោយលាបគឺចូលមុខអស់ អត់នៅរលោងលើមុខទេ តែមានអារម្មណ៍ថានៅតែផ្តល់សំណើមអត់គ្រប់សំរាប់ខ្ញុំ ដូចនេះ ខ្ញុំប្រើជាសេរ៉ូម ហើយបន្ថែមក្រែមផ្តល់សំណើមដែលខាប់តាមក្រោយមួយជាន់ទៀត តែបើអ្នកមានស្បែកខ្លាញ់ ឬ អ្នកធ្វើការក្រោមកំដៅថ្ងៃបែកញើស គឺ ការផ្តល់សំណើមអាចនឹងគ្រប់គ្រាន់ តែបើស្បែកអ្នកមានបញ្ហាខ្វះជាតិទឹក អាមួយនេះ នៅតែសំណើមមិនគ្រប់គ្រាន់ដដែរ ។ ថ្វីត្បិតកំរិតសំណើមស្រដៀងនឹង Green Tea Gel តែពេលលាបវាអត់ធ្វើអោយតឹងមុខពេលញញឺម ឬ សើចទេ ដែលមានអារម្មណ៍ថា ស្រួលមុខជាង Green Tea Gel ។

COSRX – Full Fit Propolis Light Cream

ចំណុះ : 50ml
តំលៃ : $26
សាច់ផលិតផល : សាច់សថ្លា ម៉្សៅម៉ត់បែបជែលកាត់គ្រីម
ក្លិន : គ្មានក្លិន
សារធាតុផ្សំសំខាន់ : Propolis Extract, Glycerin, Arginine, Allantoin
កំរិតផ្តល់សំណើម : 3.5/5
កំរិតថប់មុខ : 4/5 ( អាស្រ័យលើបរិមាណ និង អាកាសធាតុ )

ការវាយតំលៃ
សារធាតុទឹកឃ្មុំ គឺ ធ្វើអោយស្បែកខ្ញុំឡើងស្រអាប់ និង ប្រើអត់សូវត្រូវប៉ុន្មានទេ ប៉ុន្តែ ពេលដែលចូលដល់រងារគឺ ស្បែកខ្ញុំចាប់ផ្តើមរបកនៅម្តុំគែមច្រមុះ និង ស្បែកខ្វះជាតិទឹក ដែលខ្ញុំប្រឹងលាបក្រែមផ្តល់សំណើមយ៉ាងណាក៏នៅតែមិនគ្រប់ ដូចនេះ ខ្ញុំក៏សាកប្រើក្រែម COSRX – Full Fit Propolis Light Cream and លាបតែមួយយប់គឺ មុខខ្ញុំបាត់របក ហើយពេលក្រោកព្រឹកឡើងគឺ ស្បែកនៅតែមានសំនើម គឺ អត់ស្ងួតទេ ។ ក្រែមនេះ គឺ មានសារធាតុ 3 សំខាន់គឺ propolis, royal Jelly and honey extracts និយាយគឺ ពីទឺកឃ្មុំ ទាំងគ្រួសារ ។ តែអ្វីដែលខ្ញុំសង្កេតឃើញ គឺ សាច់ក្រែមគឺ រាវជាងការរំពឹងទុក ដែលងាយស្រួលលាប ផ្តល់សំណើមបានល្អ ពេលស្បែកយើងត្រូវការសំណើមខ្លាំងភ្លាមៗ ។​ វាសក្ក័សមបំផុតគឺសំរាប់អ្នកមានស្បែកស្ងួត ឬ ធម្មតា ឬ អ្នកមានបញ្ហាស្បែកខ្វះជាតិទឹក ។

សំរាប់ខ្ញុំ សាច់ដែលខ្ញុំចូលចិត្តជាងគេ គឺ Full Fit Propolis Light Cream ព្រោះសាច់វាផ្តល់សំណើមគ្រប់គ្រាន់សំរាប់ស្បែកខ្ញុំ ជាពិសេសខ្ញុំធ្វើការក្នុងម៉ាស៊ីនត្រជាក់រាប់ម៉ោង និង យប់ក៏គេងក្នុងម៉ាស៊ីនត្រជាក់ទៀត ចឹងក្រែមផ្តល់សំណើមប្រភេទ Gel ឬ Lotion ផ្តល់សំណើមអត់គ្រប់ទេ មូលហេតុដែលវាឈ្នះមួយទៀត គឺ ពេលស្បែកខ្ញុំរបក គឺ ពេលលាបវាអត់ធ្វើអោយក្រហាយស្បែក ឬ ក្តៅស្បែកកន្លែងដែលរបកទេ គឺ អត់មានអារម្មណ៍អីទាំងអស់ ។ ចំពោះ Snail Cream គឺស្រលាញ់ត្រង់តំលៃ និង មិនធ្វើអោយស្អិត ឬ តឹងមុខ ។ Enriched Cream ចូលចិត្តត្រង់វា ងាយប្រើជាមួយនឹងសារធាតុសកម្មខ្លាំងៗ ដោយការពារកុំអោយស្បែកឡើងស្ងួតរបក ។ ហេតុអ្វី Green Tea ធ្លាក់ចំណាត់ថ្នាក់ ? ចំលើយ គឺ សាច់ជែលសម្មញ្ញពេក ដែលជាមួយនឹងតំលៃ $25 ខ្ញុំគិតថា មានផលិតផលជាច្រើនទៀតដែលល្អជាងនឹង និង ធូរថ្លៃជាងនឹង ។

មានក្រែមផ្តល់សំនើម 3 ផ្សេងទៀតពីខាង Cosrx ដែលខ្ញុំធ្លាប់សាក តែអត់មានរូប និង Texture ទេ គឺ
Cosrx, Pure Fit, Cica Cream ( ជាប់លេខ 3 ប្រសិនបើដាក់ធៀប ព្រោះសាច់ស្រាលជាង Enriched Cream ការ Calming គឺ អាចនិយាយថា ល្អជាងផងដែរ )
Cosrx Oil-Free Ultra-Moisturizing Lotion with Birch Sap ( ធ្លាក់លេខដូចគ្នា ព្រោះមានអារម្មណ៍ក្តៅមុខពេលលាបដំបូង ដែលធ្វើអោយខ្ញុំអត់ចង់លាបត )
Cosrx Balancium Comfort Ceramide Cream ( អត់ជាប់លេខដូចគ្នា ព្រោះបើធៀបទាំងអស់គឺ អាមួយនឹងគឺសំណើមខ្លាំងជាងគេ ដែលធ្វើអោយខ្ញុំមានអារម្មណ៍ថា ថប់មុខពេលលាប វាសក្ក័សមសំរាប់អ្នកមានស្បែកស្ងួតខ្លាំង និង មានបញ្ហារបកស្បែកជាដើម )

អរគុណចំពោះការអាន
ចំណាំ : ការវាយតំលៃនេះ ស្ថិតលើបទពិសោធន៍ និង ស្បែករបស់ខ្ញុំទេ ។

Leave a Reply

error: Content is protected !!