Skip to main content

អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា Avène Thermal Spring Water គឺជាផលិតផលសំណព្វចិត្តខ្ញុំ តែថ្ងៃនេះ ខ្ញុំសុំ Review ផលិតផលពីម៉ាកអាវ៉ែនចំនួន 3 នេះ គឺ

  • Avène Cicalfate+ Restorative Protective Cream
  • Avène Skin Recovery Cream
  • Avene Cicalfate LIPS Restorative Lip Cream
avene review

ការវាយតំលៃគ្រីមផ្តល់សំណើមនេះ អាចនឹងពិបាកសំរាប់ខ្ញុំព្រោះ ស្បែកមហាខ្លាញ់របស់ខ្ញុំវាដូចអត់សូវសហការណ៍ទេ ដូចនេះ ខ្ញុំព្យាយាមនៅអោយចំកណ្តាលព្រោះបើនិយាយពីក្រែមផ្តល់សំណើមខាប់ គឺ ស្បែកខ្លាញ់គឺអត់សូវចូលចិត្ត តែស្បែកស្ងួត គឺគេចូលចិត្ត ចឹងរបស់យើងអត់ចូលចិត្តមិនប្រាកដថាអ្នកដទៃមិនចូលចិត្តទេ ។

1- Avène Cicalfate+ Restorative Protective Cream

វាជាក្រែមផ្តោតទៅការព្យាបាលបញ្ហាស្បែកច្រើនមុខ ជាមួយនឹងចំណុះ 40 ml បើមើលពីសារធាតុផ្សំគឺ មានសរុប18 មុខ ហើយសារធាតុផ្សំសំខាន់គឺ

  • C+ – RESTORETM ភ្ងាក់ងារជួសជុលស្បែក
  • Cu/Zinc sulfate ទប់ស្កាត់ការរីករាលដាលនៃបាក់តេរី
  • ទឹកទែរម៉ាល់អាវ៉ែន ប្រឆាំងការពារ ការរោលរលាកនៃស្បែក

ចំនុចវិជ្ជមាន :
✔️ Alcohol-Free
✔️ Paraben-Free
✔️ Fragrances -Free
✔️ EU Allergen-Free
✔️ Silicones-Free
✔️ Gluten-Free
✔️ Cruelty-Free
✔️ Sulfate-Free

ចំនុចអវិជ្ជមាន
❌Comedogenic
Mineral Oil កំរិត 2
HYDROGENATED VEGETABLE OIL កំរិត 3
Beeswax កំរិត 2
ZINC OXIDE កំរិត 1
❌ Polyethylene glycol- Free
PEG-22/DODECYL GLYCOL COPOLYMER
❌ Fungal Acne Safe
Magnesium Stearate

Avène Cicalfate+ Restorative Protective Cream Texture

ការវាយតំលៃ
ដោយសារក្នុងក្រែមនេះ គេបញ្ជាក់ថា ជួយជួសជុលស្បែក ទប់ស្កាត់ការរីករាលដាលនៃបាក់តេរី និង ជួយបន្ថយសភាពរោល រលាកនៃស្បែក ដូចនេះ អ្វីដែលខ្ញុំនឹងតេស្តពីប្រសិទ្ធនៃផលិតផលនេះ គឺ លាបវាលើមុនដែលខ្ញុំញិចហើយ ឬ ធ្លាយចេញមុខ ព្រោះមុនរបស់ខ្ញុំគឺ ងាយនឹងឡើងក្លាយណាស់ ទោះបីវាចេញមុខ តែវាងាយនឹងឡើងខ្ទុះម្តងហើយម្តងទៀត ដែលពន្យារពេលអោយវាជាពេញលេញ ដូចនេះ ក្រោយលាងមុខរួចគឺ ខ្ញុំលាបក្រែមផ្តល់សំណើមធម្មតា រួចលាប Avène Cicalfate+ នៅមុនដែលក្រោយញិច ។ ខ្ញុំធ្វើបែបនេះ 5 ថ្ងៃជាប់គ្នា ហើយប្រសិទ្ធភាព គឺ ពិតជាភ្ងាក់ផ្អើលមែនទែន ព្រោះកន្លែងដែលខ្ញុំលាប គឺ ថយក្រហម អត់ឡើងខ្ទុះ ហើយ ស្នាមចាប់ផ្តើមសះ និង ស្បែកកន្លែងនឹងគឺ រាបស្មើ ដែលជាសញ្ញាល្អ ។ វាមានក្លិនដូចម៉្សៅធ្វើនំបុ័ង ( Bread Flour ) និង  មានសាច់គ្រីមស( ព្រោះអីមានសារធាតុ Zinc Oxide ដែលជាសារធាតុធ្វើ Mineral/physical  Sunscreen  ) តែក្រោយលាបហើយ គឺ អត់សដូចក្រែមការពារកំដៅថ្ងៃប្រភេទ Mineral/physical  ទេ ព្រោះបើនិយាយទៅ គឺ វាមាន  Zinc Oxide 1% ប៉ុណ្ណោះ ( ស្មើ SPF 1.4 )  ។ ខ្ញុំចូលចិត្តប្រើវាជាគូរនឹង Azelaic Acid, tretinoin ឬ ក្រោយការជម្រុះកោសិកាចាស់ ព្រោះវាបន្ថយសភាព រោល រលាក រមាស់ និង ស្ងួតបានលឿន ។ ខ្ញុំមានអារម្មណ៍ថា ការលាបវាពេញមុខ ពេលយប់ គឺ ស្រួលជាងពេលថ្ងៃ ព្រោះពេលថ្ងៃមុខខ្ញុំគឺផលិតខ្លាញ់ច្រើន និង ងាយបែកញើស ចឹងមានអារម្មណ៍ថាថប់មុខបន្តិច ។

អ្វីដែលខ្ញុំមិនចូលចិត្ត : សំរាប់អ្នកមានស្បែកប្រភេទខ្លាញ់ខ្លាំងដូចខ្ញុំ សាច់ក្រែមរាងខាប់ខ្លាំងដែលវាពិបាកលាបពេញមុខ តែបើអ្នកមានស្បែកស្ងួត ឬ ធម្មតា ខ្ញុំជឿថាអ្នកនឹងចូលចិត្តវា ។  ដោយសារសាច់វាខាប់ និង ជាគ្រីម Oil-Based ដូចនេះ វាពិបាកលាប ជាពិសេសបើមុខអ្នកនៅសើមទឹក ដែរពិបាកញីអោយចូលមុខ ដូចនេះ ក្នុងករណីអ្នកទាំងអស់គ្នា ចង់លាបពេញមុខ ត្រូវជូតមុខអោយស្ងួតទឹកសិន ។

ជាសរុប ខ្ញុំអោយ Avène Cicalfate+ Restorative Protective Cream 8/10 ព្រោះបើនិយាយទៅវាប្រើបាន គ្រប់វ័យ និង គ្រប់កាលៈទេសៈដូចជា រមាស់ រលាក របួសសើស្បែក សត្វទិច ឬ ខាំ ឬ ឡើងអាលែកស្ស៊ីមុខឬ ខ្លួន ឬ អ្នកតែងឡើងរោលកន្លែងឯកជន ( កកិតសំលីអនាម័យជាដើម ) ហើយវាអាចប្រើបានចំពោះកូនង៉ារដែលឪស្សាហ៍រលាកកន្ទប និង ក្មេងដែលមានស្បែកងាយប្រតិកម្មពីកំណើតដូចជា តាអក ឬ ស្បែកងាយឡើងក្រហម ឬ ងាយអាលែកស្សីជាដើម ចឹងមានវាសាគួរនៅផ្ទះ គឺជារឿងល្អ ។

2- Avène Skin Recovery Cream

វាជាក្រែមផ្តល់សំណើមសំរាប់អ្នកមានស្បែកងាយប្រតិកម្ម ដែលមកជាមួយនឹងចំណុះ 50 ml បើមើលពីសារធាតុផ្សំគឺ មានសរុប 12 មុខ គឺ តិចមែនទែន ហើយសារធាតុផ្សំសំខាន់គឺ
Glycerin, Squalane, Serine ដែលជាសារធាតុផ្តល់សំណើម និង ផ្តោតទៅលើការជួយជុលរនាំងការពារស្បែក មានន័យថា អ្នកមានស្បែកខ្សោយ ឬ ងាយប្រតិកម្ម ។

Avène Skin Recovery Cream

ចំនុចវិជ្ជមាន :
✔️ Alcohol-Free
✔️ Paraben-Free
✔️ Fragrances -Free
✔️ EU Allergen-Free
✔️ Gluten-Free
✔️ Cruelty-Free
✔️ Sulfate-Free
✔️ Polyethylene glycol

ចំនុចអវិជ្ជមាន
❌Silicones-Free
Cyclopentasiloxane
❌Comedogenic
Squalane កំរិត 1
Triethanolamine កំរិត 2
Mineral Oil កំរិត 2
❌ Fungal Acne Safe
Glyceryl Stearate

Avène Skin Recovery Cream

ការវាយតំលៃ
សំរាប់អ្នកមានស្បែកងាយឡើងមុន និង ស្បែកខ្លាញ់ គឺ គ្មានអ្វីដែលពិបាកជាងពេលដែលស្បែកអ្នកខ្វះជាតិទឹក និង ខូចរនាំងការពារស្បែកទេ ព្រោះ ក្រែមផ្តល់សំណើមប្រភេទជួយជួសជុលរនាំងការពារស្បែក គឺ រមែងតែងតែខាប់ និង ផ្តល់សំណើមខ្លាំង ដែលវាជួយកែខៃបញ្ហាស្ងួតបានភ្លាមៗ តែក៏អាចធ្វើអោយស្ទះរន្ធរោមផងដែរ ។ នៅក្នុងគ្រីម Avène Skin Recovery Cream គឺមានតែសារធាតុផ្សំត្រឹមតែ 12 មុខប៉ុណ្ណោះ រួមជាមួយនឹងសារធាតុ Glycerin, Squalane, Serine ដែលផ្តល់សំនើមទាំងសារធាតុទឹក និង ខ្លាញ់ រួមជាមួយសាច់ថ្លា និង គ្មានក្លិនគួរអោយកត់សំគាល់ទេ ។ វាងាយលាបជាមួយនឹងក្រែមការពារកំដៅថ្ងៃ ឬ ផលិតផលផាត់មុខផ្សេង។

អ្វីដែលខ្ញុំមិនចូលចិត្ត : ដោយសារសាច់ក្រែមខាប់ ផ្តល់សំណើមខ្លាំង ដូចនេះ ក្រោយលាបគឺខ្ញុំសង្កេតឃើញថា មុខខ្ញុំគឺភ្លឺចែងចាំដូចគ្រាប់ពេជ្យ ( what you expect it’s Skin Recovery Cream ) ចឹង វិធីដែលខ្ញុំប្រើ គឺ បន្ថយបរិមាណ គឺ លាបបរិមាណតិចប៉ុនគ្រាប់សណ្តែកដី រួចញីអោយសព្វលើដៃ រួចលាបលើមុខនៅបរិមាណដែលស្ងួតមុន បន្ទាប់មកផ្នែកដែលខ្លាញ់ខ្លាំងគឺលាបតាមក្រោយ ។

ជាសរុប ខ្ញុំអោយ Avène Skin Recovery Cream 7/10 វាជាក្រែមផ្តល់សំណើមដែលសក្ក័សមសំរាប់ស្បែកងាយប្រតិកម្ម ស្ងួត ឬ ធម្មតា តែប្រសិនបើអ្នកមានស្បែកប្រភេទខ្លាញ់ ឬ ចំរុះ ខ្ញុំយល់ថា វារាងខាប់បន្តិចដូចនេះ ប្រសិនបើចង់សាក គឺ លុះត្រាអ្នកមានស្បែករបក ឬ ស្បែកខ្វះជាតិទឹក ព្រោះវានឹងជួយកែខៃបញ្ហាទាំងនេះ បានលឿន ឬ ក្នុងករណីអ្នកទាំងអស់គ្នាប្រើវាជាមួយនឹងផលិតផលព្យាបាលមុនដែលធ្វើអោយស្បែកស្ងួតដូចជា​ adapalene, tretinoin, azelaic acid, benzoyl peroxide ឬ អ្នកលេបថ្នាំព្យាបាលមុនប្រភេទ isotretinoin  ជាដើម។ បើធៀបជាមួយនឹង Avène Cicalfate+ គឺ សាច់វារាវជាង ថ្លា ( អត់សាច់សទេ ) ដែលងាយប្រើលាបពេញមុខ ឬ លាបជាក្រែមផ្តល់សំណើមប្រចាំថ្ងៃបាន តែ Avène Cicalfate+ ល្អជាងក្នុងការព្យាបាលរបួស ដូចជា មុនក្រោយញិច រលាកស្បែក របួស ដាច់រលាត់ ស្បែកក្រោយការព្យាបាលនៅគ្លីនិចដូចជា Laser, Chemical Peel,  Dermabrasion… ជាដើម ។

3- Avene Cicalfate LIPS Restorative Lip Cream

ជាប្រភេទក្រែម lip balm ដែលផ្តោតទៅល់ការព្យាបាលបបូរមាត់ស្ងួត ប្រេះ រលាក ឬ របួសក្រោយបកដោយចៃដន្យ ( អ្នកចូលចិត្តកេះបបូរមាត់ទុកការកំសាន្តជាដើម ) ។ វាមានចំណុះ 10 ml និង មានសារធាតុផ្សំ 16 មុខ ។

Avène Cicalfate LIPS Restorative Lip Cream

ចំនុចវិជ្ជមាន :
✔️ Alcohol-Free
✔️ Paraben-Free
✔️ Fragrances -Free
✔️ EU Allergen-Free
✔️ Silicones-Free
✔️ Gluten-Free
✔️ Cruelty-Free
✔️ Sulfate-Free

ចំនុចអវិជ្ជមាន
❌Comedogenic
Hydrogenated Polyisobutene កំរិត 1
Hydrogenated Castor Oil កំរិត 1
Beeswax កំរិត 2
ZINC OXIDE កំរិត 1
❌ Polyethylene glycol- Free
PEG-22/DODECYL GLYCOL COPOLYMER
❌ Fungal Acne Safe
Isopropyl Palmitate

Avène Cicalfate LIPS Restorative Lip Cream

ការវាយតំលៃ
អ្នកទាំងអស់គ្នាមើលសារធាតុផ្សំ គឺ ឃើញថា សំបូរសុទ្ធតែសារធាតុខ្លាញ់ ( Oil ) តែនេះគឺជារឿងធម្មតាទេ ព្រោះស្បែកបបូរមាត់គឺ អត់មានរន្ធរោម និង ក្រពេញបញ្ចេញខ្លាញ់ នេះក៏ជាមូលហេតុស្បែកបបូរមាត់គឺស្ងួតជាប្រចាំ ហើយការវាយតំលៃផលិតផលនៅកន្លែងធ្វើអោយស្ទះរន្ធរោម  Comedogenic  គឺ អត់ប្រយោជន៍ ព្រោះអត់មានអីអោយស្ទះទេ ។

អ្វីដែលខ្ញុំចូលចិត្ត : វាមានក្លិនស្រដៀង Oatmeal និង មានសាច់ក្រែមពណ៌ស ( មកពី Zinc Oxide )  និង ខាប់ តែក្រោយលាប គឺ ចូលល្អ អត់សល់ម៉្សៅស និង ផ្តល់សំណើមគ្រប់គ្រាន់ ហើយអត់ស្អិតបបូរមាត់ ស្រួលលាបជាមួយនឹងក្រែមលាបមាត់ពណ៌ពីលើ ឬ លាបមុនពេលចូលគេង ។ ចំនុចលិចធ្លោរដែលខ្ញុំចូលចិត្ត គឺ ការវេចខ្ចប់ គឺដបច្របាច់ស្រួល ដែរមិនបាច់ប្រើដៃខ្វេះដូច Lip Sleeping Mask ដែលខ្ញុំធ្លាប់ប្រើទេ គឺ វាងាយយកតាមខ្លួន និង ងាយលាប ។

ចំនុចដែលខ្ញុំមិនចូលចិត្ត : វាមានតំលៃថ្លៃបន្តិចសំរាប់ខ្ញុំ ព្រោះបើនិយាយពី Lip balm គឺខ្ញុំលាប សាហាវ ចឹងតំលៃវាប៉ះទង្គិចបញ្ហាហរិវត្ថុតិច តែហេតុអ្វីអាគ្រីមពីរលើអត់រអ៊ូរឿងតំលៃផង ? ព្រោះអីក្រោយសាកប្រើបានដឹងថា ប្រើ3-4 ខែទៀតមិនដឹងអស់អត់ផង ចឹងក៏អត់និយាយទៅ ។ នៅក្នុងនេះ មានសារធាតុ Zinc Oxide ដែលជាសារធាតុ Mineral UV Filter ដែលបរិមាណ 1% នៃ Zinc Oxide = SPF 1.4 ប៉ុន្តែក្នុងនេះអត់បញ្ជាក់កំហាប់ចឹង ចំពោះខ្ញុំវាជារឿងគួរអោយស្តាយ ព្រោះបានវាមានកំរិតការពារ SPF 15 ឡើង គឺ ដឹងតែអែមម៉ង ។

ជាសរុប ខ្ញុំអោយ Avene Cicalfate LIPS Restorative Lip Cream 7/10 ព្រោះបើនិយាយទៅវាប្រភេទ Lip Cream ដែលងាយស្រួលប្រើ ជាពិសេសលាបបានទាំងកូនង៉ារ មនុស្សចាស់ ។

រាល់ការកាម៉ង់ថ្ងៃនេះដល់ចុងខែសីហា អ្នកទាំងអស់គ្នាទទួលបានបញ្ចុះតំលៃ 15% រួមជាមួយការដឹងជញ្ចូនឥតគិតថ្លៃ 25 ខេត្តក្រុង* លើ BLOC App:: http://bit.ly/Avene-x-SomalyTips
ពត៌មានលំអិតអាចសាកសួរបន្ថែមពី @avenecambodia

Leave a Reply

error: Content is protected !!